ក្រុមហ៊ុន Atomy បរិច្ឆាគទឹកប្រាក់ចំនួន 2.1 ពាន់លានវ៉ុនទៅឱ្យ PMCI សម្រាប់ការថែទាំសុខភាពចល័តក្នុងប្រទេសកម្ពុជា
Atomy ដែលផ្តល់ការថែទាំសុខភាពប្រកបដោយប្រសិទ្ធភាពដល់អ្នកដែលនៅខ្វះខាតក្នុងវិស័យនេះ
បានបរិច្ចាគទឹកប្រាក់ចំនួន 2.1 ពាន់លានវ៉ុនដល់អង្គការសហប្រតិបត្តិការវេជ្ជសាស្រ្តអន្តរជាតិ ដែលហៅកាត់ជាភាសាអង់គ្លេសថា (PMCI)។ អង្គការ PMCI គឺជាក្រុមហ៊ុនមិនមែនរដ្ឋាភិបាលមួយ ដែលបច្ចុប្បន្ននេះកំពុងធ្វើសកម្មភាពស្ម័គ្រចិត្តផ្នែកវេជ្ជសាស្ត្រក្នុងតំបន់ដែលមានការខ្វះខាតសេវាកម្មវេជ្ជសាស្ត្រ ដូចជានៅប្រទេសកម្ពុជា និង ប្រទេសមីយ៉ាន់ម៉ា។ បន្ទាប់ពីបានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ជាមួយនឹងអង្គការ PMCI ក្នុងឆ្នាំ 2020 ហើយ ក្រុមហ៊ុន Atomy បានធ្វើការអភិវឌ្ឍកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ជាមួយនឹងអង្គការនេះ រួមមានទាំងការបរិច្ចាគរថយន្តក្រុងសម្រាប់ប្រើក្នុងការថែទាំសុខភាពចល័តដល់ប្រទេសកម្ពុជា។ ការបរិច្ចាគចុងក្រោយដែលមានចំនួនទឹកប្រាក់ 2.1 ពាន់លានវ៉ុន នឹងត្រូវបានប្រើប្រាស់ដើម្បីធ្វើប្រតិបត្តិការរថយន្តក្រុងដែលប្រើសម្រាប់ការថែទាំសុខភាពចល័តដែលមានស្រាប់ ការទិញឧបករណ៍រោគវិទ្យា និងការផ្ដល់ជូនការបណ្ដុះបណ្ដាលផ្នែកវិជ្ជាជីវៈដល់និយោជិតរបស់អង្គការ PMCI។
PMCI គឺជាអង្គការមិនរកប្រាក់ចំណេញមួយដែលត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ 2005 ដែលមានគោលបំណងជួយលើកកម្ពស់ការរីកចម្រើនរបស់តំបន់ដែលមានការអភិវឌ្ឍទាបតាមរយៈការចុះផ្សព្វផ្សាយផ្នែកវេជ្ជសាស្ត្រ។ គម្រោងនាពេលបច្ចុប្បន្ននេះរួមមាន ▲ការអភិវឌ្ឍធនធានមនុស្ស ▲ការផ្លាស់ប្ដូរបទពិសោធន៍សង្គម វប្បធម៌ និងការអប់រំអន្តរជាតិ និង ▲ការផ្លាស់ប្ដូរបទពិសោធន៍លក្ខណៈអន្តរជាតិនៅក្នុងវិស័យបរិស្ថាននិងសុខភាព។ វិស័យជាគោលដ៏ពិសេសមួយសម្រាប់អង្គការនេះគឺការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស តាមរយៈការបញ្ជូននិងការបណ្ដុះបណ្ដាលបុគ្គលិកជំនាញដល់ប្រទេសដែលមានសេវាកម្មវេជ្ជសាស្ត្រជាមួយការអភិវឌ្ឍកម្រិតទាប។ គោលដៅមួយបន្ថែមទៀតគឺការផ្ដល់ជូនការគាំទ្រដល់បុគ្គលិកបរទេសនៅក្នុងប្រទេសកូរ៉េខាងត្បូង។
ដោយមានកិច្ចសហប្រតិបត្តិការពេញលេញរបស់ក្រុមហ៊ុន Atomy អង្គការ PMCI កំពុងតែធ្វើការពង្រីកការចុះផ្សព្វផ្សាយផ្នែកវេជ្ជសាស្ត្ររបស់ខ្លួនទៅដល់សហគមន៍ដែលខ្វះខាតនៅក្នុងប្រទេសកម្ពុជា។ អង្គការនេះក៏មានគម្រោងសហការជាមួយនឹងមន្ទីរពេទ្យព្រះយេស៊ូរបស់ប្រទេសកម្ពុជា ដែលនឹងបើកដំណើរការនៅក្នុងខែតុលា ដើម្បីបង្កើតឲ្យមានប្រព័ន្ធគាំទ្រផ្នែកវេជ្ជសាស្ត្រប្រកបដោយប្រសិទ្ធភាពជាងនេះ។ ជាពិសេស អង្គការ PMCI កំពុងតែស្វះស្វែងបង្កើតបណ្ដាញជាមួយនឹងមជ្ឈមណ្ឌលសុខភាពនៅក្នុងតំបន់ដើម្បីជួយដល់ក្រសួងសុខាភិបាល។ អង្គការក៏បានធ្វើការប្តេជ្ញាចិត្តក្នុងការបណ្ដុះបណ្ដាលបុគ្គលិកវេជ្ជសាស្ត្រនៅក្នុងតំបន់ និងចំពោះការងាររបស់អ្នកផ្សព្វផ្សាយសាសនា។ សាខានៅប្រទេសមីយ៉ាន់ម៉ារបស់អង្គការ PMCI ត្រូវបានដំណើរការដោយគ្រូគង្វាលបាទីស្ទជនជាតិអាមេរិកមួយរូប ហើយបានធ្វើសកម្មភាពផ្សព្វផ្សាយសាសនាដែលផ្ដោតជុំវិញការអប់រំភាសាអង់គ្លេសនិងពហុវប្បធម៌ ខណៈពេលដែលការផ្ដោតអារម្មណ៍របស់សាខានៅប្រទេសកម្ពុជាគឺទៅលើសកម្មភាពផ្សព្វផ្សាយសាសនានិងវេជ្ជសាស្ត្រ តាមរយៈរថយន្តវេជ្ជសាស្ត្រចល័ត និងមន្ទីរពេទ្យព្រះយេស៊ូរបស់ប្រទេសកម្ពុជា។
Byung-sun Kim នាយកប្រតិបត្តិរបស់អង្គការ PMCI បានពន្យល់ថា “ខ្ញុំចង់សម្ដែងសេចក្តីថ្លែងអំណរគុណអស់ពីចិត្តចំពោះប្រធាន បាក់ ហាន់ហ្គីល និងក្រុមគ្រួសាររបស់ក្រុមហ៊ុន Atomy។” លោកបន្ថែមទៀតថា “ដោយសារតែការគាំទ្រនិងការអធិដ្ឋានរបស់អ្នក សុបិនរបស់យើងក្នុងការកសាងមន្ទីរពេទ្យដ៏ទំនើបមួយដើម្បីបំពេញតាមតម្រូវការការថែទាំសុខភាពនៅក្នុងប្រទេសកម្ពុជាបានក្លាយទៅជាការពិត ដែលយើងអាចប៉ះផ្ទាល់បាន។”
ក្រុមហ៊ុន Atomy គឺជាក្រុមហ៊ុនចែកចាយនៅទូទាំងពិភពលោក ហើយយុទ្ធសាស្ត្រនៃការគ្រប់គ្រងផ្អែកទៅលើព្រះវិញ្ញាណរបស់ព្រះគ្រីស្ទ ដោយមានបាវចនាជា “គោរពលើគោលការណ៍នៃមនុស្សធម៌”។ ក្រុមហ៊ុនចុះផ្សព្វផ្សាយទៅកាន់អតិថិជនធម្មតាក្នុងនាមជា “ក្រុមហ៊ុន Atomy ដែលអ្នអាចជឿទុកចិត្ត” ដោយមានទស្សនៈ “គុណភាពល្អផ្តាច់ និង តម្លៃល្អផ្តាច់” ហើយតាមរបៀបនេះ ក្រុមហ៊ុនអនុវត្តទីផ្សារបណ្ដាញដើម្បីសម្រេចបានជោគជ័យសម្រាប់សមាជិករបស់ខ្លួន។ បច្ចុប្បន្ននេះ អង្គការប្រតិបត្តិការក្នុងប្រទេសចំនួន 26 នៅជុំវិញពិភពលោក ដោយមានតម្លៃលក់ជាសកលចំនួន 2.2 ទ្រីលានវ៉ុនក្នុងឆ្នាំ 2021។
លោក បាក់ ហាន់ហ្គីល ដែលជាប្រធានក្រុមហ៊ុន Antomy បានពន្យល់ថា “ខ្លឹមសាររបស់ក្រុមហ៊ុន Atomy គឺការផ្តល់ប្រយោជន៍ដល់មនុស្សតាមរបៀបផ្សេងៗជាច្រើន” មុនពេលមានប្រសាសន៍បន្ថែមទៀតថា “អង្គការ PMCI គឺជាអង្គការ ដែលផ្សព្វផ្សាយសេចក្តីស្រលាញ់របស់ព្រះដល់ពិភពលោក និងជាដៃគូរបស់ក្រុមហ៊ុន Atomy។”